នៅជុំវិញពិភពលោក ដើម្បីការអភិវឌ្ឍន៍សង្គមនិងប្រទេសជាតិ ដំណោះស្រាយថ្មីជាច្រើនត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា ដូចជាបញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ច។ ឧទាហរណ៍ ប្រព័ន្ធបច្ចេកវិទ្យាស្វ័យប្រវត្តិត្រូវបានបង្កើតឡើង សម្រាប់ដំណើរការផលិតកម្មក្នុងរោងចក្រជាដើម។
ដំណោះស្រាយថ្មីៗទាំងអស់នេះ ដែលមានប្រសិទ្ធភាពនិងទទួលស្គាល់ជាសកល ក៏ចាប់ផ្តើមកំណត់លំហូរនៃការផ្លាស់ប្តូរក្នុងសង្គមជាតិនីមួយៗនៅជុំវិញពិភពលោកផងដែរ។
បច្ចុប្បន្ននេះ អ្នកជំនាញកំពុងឃ្លាំមើលលំហូរនៃការផ្លាស់ប្តូរក្នុងវិស័យនរគរូបនីយកម្ម ការប្រែប្រួលអាកាសធាតុនិងធនធានធម្មជាតិ រចនាសម្ព័ន្ធនយោបាយរបស់ប្រទេសមហាអំណាច កំណើនប្រជាជនក្នុងពិភពលោកនិងប្រជាសាស្ត្រ និងរបកគំហើញបច្ចេកវិទ្យាថ្មីៗ។
ហេតុអ្វីបានជាការដើរតាមលំហូរធំៗក្នុងពិភពលោកមានសារៈសំខាន់ សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា?
ស្តាប់ភាគទី ១៦ លើបណ្តាញ Apple Podcasts និង Google Podcasts
VOA បានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ និងអ្នកនិពន្ធ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។
VOA បានសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាក្នុងឆ្នាំ២០៤០ ឬ Cambodia 2040» នេះ ដើម្បីនាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភិបាលកិច្ចជាដើម៕
Comments