ជំងឺបាក់ស្បាតនៅកម្ពុជាគួរឱ្យបារម្ភ ប៉ុន្តែការយកចិត្តទុកដាក់នៅខ្សោយ
- communicationinter3
- Oct 10, 2023
- 1 min read
អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ជា សំអៀង ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី២១ ខែតុលា ២០២២ ដោយមានអត្ថាធិប្បាយអំពីផលប៉ះពាល់នៃកង្វះការថែទាំជំងឺបាក់ស្បាតនៅកម្ពុជា។ សូមមើលអត្ថបទដើមនៅ ទីនេះ ហើយអានវានៅខាងក្រោម!
មាតិកាអត្ថបទ
ការឆ្លើយតបនៅមានកម្រិត
ផលប៉ះពាល់នៃកង្វះការថែទាំ
ហេតុអ្វីបានជាកម្ពុជាគួរប្រើវិស័យវប្បធម៌ដើម្បីជួយដោះស្រាយសុខភាពផ្លូវចិត្ត?
ការទុកចិត្ត និងឆន្ទៈ
ការបាក់ស្បាត ឬ «ការបាត់បង់សេចក្ដីក្លាហាន» គេតែងលេចឮក្នុងបរិបទបញ្ហាផ្លូវចិត្ត ជាពិសេសសម្រាប់អ្នកដែលបានឆ្លងកាត់របបខ្មែរក្រហម។
ពាក្យនេះជារឿយៗត្រូវបានគេប្រើជាមធ្យោបាយមួយដើម្បីបកស្រាយអំពីសុខភាពផ្លូវចិត្ត។
ជួនកាលការបាក់ស្បាតធ្ងន់ធ្ងរ គេនិយមហៅថា «ជំងឺបាក់ស្បាត»។ ជំងឺនេះបានបន្តជះឥទ្ធិពលដល់អ្នកទទួលរងបទពិសោធអតីតកាល ហើយក៏អាចបំបាក់ទឹកចិត្តពួកគេចំពោះការពិភាក្សាអំពីប្រធានបទដ៏រសើបណាមួយ។
របួសនេះមិនត្រឹមតែកំណត់ចំពោះអ្នកដែលឆ្លងកាត់របបខ្មែរក្រហមផ្ទាល់នោះទេ វាក៏អាចបង្ហាញឱ្យឃើញចំពោះមនុស្សវ័យក្មេងថាវាជាការរងរបួសតជំនាន់។
ការឆ្លើយតបនៅមានកម្រិត
ខណៈដែលក្រសួងសុខាភិបាលបានកត់សម្គាល់ថា អត្រានៃជំងឺផ្លូវចិត្តមានកម្រិតខ្ពស់ ការវិនិយោគនិងការចំណាយនៃថវិកាជាតិលើសេវាសុខភាពផ្លូវចិត្តនៅតែមានកម្រិតទាប។
យោងតាមលោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជា ក្នុងឆ្នាំ២០២២ ប្រជាជនកម្ពុជាប្រមាណ១០ ភាគរយ បានទទួលសេវាសុខភាពផ្លូវចិត្ត។ ប៉ុន្តែមានតែកន្លែងថែទាំសុខភាពចំនួន២ភាគរយប៉ុណ្ណោះនៅទូទាំងប្រទេស បានផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្ត។
ជាក់ស្តែង គិតត្រឹមឆ្នាំ២០១៥ ក្នុងចំណោមមន្ទីរពេទ្យបង្អែកចំនួន១០២ មានតែមន្ទីរពេទ្យបង្អែកចំនួន៧៣ និងក្នុងចំណោមមណ្ឌលសុខភាពសរុប១ ១៤១ មានតែមណ្ឌលសុខភាពចំនួន១៩៤នៅទូទាំងប្រទេស បានផ្តល់សេវាផ្លូវចិត្ត និងសេវាសុខភាពផ្លូវចិត្តបឋម។
ដោយឡែក រាជរដ្ឋាភិបាលបានបម្រុងទុកការចំណាយត្រឹមតែ២ភាគរយប៉ុណ្ណោះនៃថវិកាសម្រាប់ផែនការយុទ្ធសាស្រ្តសុខភាពពីឆ្នាំ២០១៦-២០២០ សម្រាប់សុខភាពផ្លូវចិត្ត។
ផលប៉ះពាល់នៃកង្វះការថែទាំ
ប្រទេសកម្ពុជាកំពុងមើលឃើញពីផលវិបាកយ៉ាងពិតប្រាកដមួយ ដោយសារកង្វះធនធានសុខភាពផ្លូវចិត្ត ជាពិសេសបន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩។
យោងតាមការស្ទង់មតិរបស់អង្គការយូនីសេហ្វ ដែលបានចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២១ បង្ហាញថា ៤៥% នៃក្មេងជំទង់កម្ពុជាដែលមានអាយុចន្លោះពី១៥ ទៅ១៩ឆ្នាំ បាននិយាយថា ពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ អំឡុងពេលមានការរីករាលដាលនៃជំងឺសកលនេះ។ ១៦% ទៀតនៃអ្នកឆ្លើយសំណួរវ័យជំទង់ បាននិយាយថា ពួកគេមានអារម្មណ៍តានតឹង ឬធ្លាក់ទឹកចិត្ត ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ ទិន្នន័យថ្មីៗរបស់អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញថា ករណីអត្តឃាតនៅកម្ពុជាកំពុងកើនឡើងផងដែរ។ ការធ្វើអត្តឃាត គឺជាបាតុភូតមួយដែលអាចស្ដែងចេញពីជំងឺបាក់ទឹកចិត្ត។
គិតត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២២ មានការប៉ុនប៉ងធ្វើអត្តឃាតចំនួន២៤៧លើក ដែលបណ្តាលឱ្យមនុស្ស២៤២នាក់ស្លាប់ និង៥នាក់ទៀតរងរបួស។
គម្លាតរវាងតម្រូវការសុខភាពផ្លូវចិត្ត និងធនធានសុខភាពផ្លូវចិត្ត ចាំបាច់ត្រូវតែដោះស្រាយសម្រាប់សង្គមកម្ពុជា ដើម្បីសម្រេចបាននូវសុខុមាលភាពពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្មានដំណោះស្រាយដែលគិតគូរពីផ្នែកវប្បធម៌របស់កម្ពុជា និងគ្មានកិច្ចសហការពីភាគីពាក់ព័ន្ធទាំងមូល សុខភាពផ្លូវចិត្តនឹងបន្តជះឥទ្ធិពលដល់ឱកាសនៃការចូលរួមផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។
ហេតុអ្វីបានជាកម្ពុជាគួរប្រើវិស័យវប្បធម៌ដើម្បីជួយដោះស្រាយសុខភាពផ្លូវចិត្ត?
ខណៈដែល «ផែនការយុទ្ធសាស្រ្តសុខភាពឆ្នាំ២០១៦-២០២០» របស់ក្រសួងសុខាភិបាល បានលើកឡើងអំពីតម្រូវការក្នុងការអភិវឌ្ឍការផ្តល់សេវាសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាការប្រើប្រាស់សារធាតុញៀនផ្សេងៗនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនបានលើកឡើងលម្អិត ជាពិសេសអំពីសក្តានុពលនៃវិស័យសាសនាក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តឱ្យបានជាក់លាក់នៅឡើយ។ ដូចគ្នានេះដែរ វិស័យសាធារណៈក៏ហាក់មិនទាន់មានគម្រោងច្បាស់លាស់ជាប្រព័ន្ធ ដើម្បីភ្ជាប់តួអង្គនិងស្ថាប័នព្រះពុទ្ធសាសនាទៅនឹងការដោះស្រាយបញ្ហានេះផងទេ។
នៅពេលដែលរដ្ឋាភិបាលមិនបានបង្ហាញយ៉ាងច្បាស់អំពីបរិបទវប្បធម៌ និងខាងវិញ្ញាណរបស់ប្រទេសកម្ពុជា អង្គការសំខាន់ៗដែលសកម្មក្នុងវិស័យសុខភាពផ្លូវចិត្តនេះបានបង្ហាញថា ការបញ្ចូលការអនុវត្តវិធានសាសនាអាចមានសារៈប្រយោជន៍។
អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា ឬ TPO ដែលជាអង្គការក្នុងស្រុក ជំនាញលើការដោះស្រាយវិបត្តិសុខភាពផ្លូវចិត្ត បានទទួលស្គាល់តួនាទីយ៉ាងសំខាន់នៃវិស័យសាសនា ដើម្បីជួយដល់ការព្យាបាលសុខភាពផ្លូវចិត្តរបស់អតិថិជន (អ្នកស្នើសុំប្រឹក្សាយោបល់) របស់ពួកគេ។
ជាឧទាហរណ៍ លោក មុនី សុថារ៉ា អ្នកចិត្តសាស្រ្តនៃអង្គការ TPO បានប្រាប់កាសែត The New Humanitarian ថាប្រជាជនកម្ពុជាជាច្រើនដែលកំពុងជួបប្រទះរោគសញ្ញានៃជំងឺ PTSD «បកស្រាយពីការឈឺចាប់ ការគេងមិនលក់ និងសុបិនអាក្រក់» ថាជាសញ្ញានៃភាពមិនសុខសាន្តនៃសាច់ញាតិដែលបានស្លាប់របស់ពួកគេ។
ជាជាងមិនអើពើនឹងជំនឿក្នុងបញ្ហានេះ TPO ប្រើវិធីព្យាបាលមួយតាមបែបពុទ្ធសាសនា ក្នុងនីតិវិធីប្រឹក្សាជាមួយអ្នកជំងឺ រួមទាំងវិធីដែលទទួលស្គាល់អំពីមរណភាពរបស់មនុស្សជាទីស្រឡាញ់ផងដែរ។ ពោលគឺ TPO ត្រូវប្រើវិធីព្យាបាលដោយការប្រឹក្សា បូកបញ្ចូលនឹងជំនឿសាសនាផង និងវិធីព្យាបាលដោយប្រើថ្នាំពេទ្យផង។
ទោះជាយ៉ាងណា មានជំហានជាច្រើនទៀតដែលកម្ពុជាអាចអនុវត្ត ដើម្បីពង្រីកលើប្រភេទនៃវិធីសាស្រ្តរួមបញ្ចូលគ្នានេះ និងវិធីជាច្រើនទៀតដែលព្រះពុទ្ធសាសនាអាចដើរតួក្នុងដំណើរការនេះ។
ការទុកចិត្ត និងឆន្ទៈ
វាជាការបដិសេធមិនបាន ថាការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជានឹងត្រូវការពេលវេលាដើម្បីកែលម្អ ដោយសារគម្លាតការព្យាបាលសំខាន់ៗ គម្លាតនៃការបង្ការ គម្លាតគុណភាព កង្វះឆន្ទៈនយោបាយ កង្វះថវិកា និងកង្វះធនធានថែទាំសុខភាពផ្លូវចិត្ត។ ប៉ុន្តែផ្នែកមួយដែលព្រះពុទ្ធសាសនាអាចធ្វើឱ្យមានឥទ្ធិពលខ្លាំងនៅក្នុងលក្ខខណ្ឌនៃគម្លាតនេះ គឺការទុកចិត្ត។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គឺជាស្ថាប័នមួយដែលមានសក្តានុពលក្នុងការជំរុញការជឿទុកចិត្តរបស់ពលរដ្ឋឱ្យកើតការជឿ និងទុកចិត្ត។
កម្ពុជាអាចថាមិនមែនជាប្រទេសទីមួយដែលព្យាយាមផ្សារភ្ជាប់ការបង្រៀនតាមបែបពុទ្ធសាសនាទៅនឹងកម្មវិធីសុខភាពផ្លូវចិត្តនោះទេ។ ប្រទេសប៊ូតានបានចាប់ផ្ដើមងាកទៅមើលតួនាទីរបស់ព្រះពុទ្ធសាសនា ដើម្បីដោះស្រាយបញ្ហានេះ។ នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាលនៃប្រទេសប៊ូតាន បានអនុម័តផែនការសកម្មភាពរយៈពេល៥ឆ្នាំ ពី២០១៨ ដល់២០២៣ ស្តីពីការការពារការធ្វើអត្តឃាតនៅក្នុងប្រទេស ដែលមានគោលបំណងហៅតួអង្គសាសនាឱ្យដើរតួក្នុងការគាំទ្រ និងសហការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត សម្រាប់អនាគត រួមទាំងការគាំទ្រសុខុមាលភាព។
យ៉ាងណាមិញ ប្រជាជនកម្ពុជាបានងាកមកកាន់ព្រះពុទ្ធសាសនាសម្រាប់ជាជំនួយ នៅពេលដែលពួកគេប្រឈមនឹងបញ្ហាផ្លូវចិត្ត ការបាក់ទឹកចិត្ត ឬការបាត់បង់មនុស្សជាទីស្រឡាញ់ណាមួយ ឬពេលដែលពួកគេពើបឬយល់សប្តិអាក្រក់ ជាដើម។ ពេលខ្លះ ពួកគេក៏ស្វែងរកជំនួយពីព្រះសង្ឃ ដើម្បីប្រឹក្សាយោបល់ ជាការព្យាបាលសុខភាពផ្លូវចិត្ត។ ជាឧទាហរណ៍ មនុស្សរាប់ពាន់នាក់បានចូលមើលវីដេអូ និងសំឡេងផតខាស់ (Podcast) របស់ព្រះសង្ឃទេសនា ឬកម្មវិធីជជែកព្រះធម៌ ហើយរាប់ពាន់នាក់ទៀតបានតាមដាន និងប្រើប្រាស់ខ្លឹមសារពីគេហទំព័ររបស់ព្រះសង្ឃដែលមានឥទ្ធិពល ដូចជា ភិក្ខុ គូ សុភាព ភិក្ខុ សាន សុជា និងភិក្ខុ កស្សបៈ ជាដើម។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺរបៀបដែលព្រះសង្ឃដែលមានឥទ្ធិពលភ្ជាប់ការទេសនារបស់ព្រះអង្គទៅកាន់ប្រជាជនកម្ពុជាគ្រប់វ័យ បូករួមទាំងយុវជនផងដែរក៏ហាក់មានការចាប់អារម្មណ៍។
របាយការណ៍របស់ BBC នៅខែមិថុនា ឆ្នាំ២០២១ ក៏បានបង្ហាញផងដែរថា ៦២% នៃយុវជនកម្ពុជាពី១៥ទៅ៣០ឆ្នាំ បានអះអាងថា ការរក្សាសុខភាពគឺជាអាទិភាពចម្បងរបស់ពួកគេ។ របាយការណ៍នេះក៏បានរកឃើញថា យុវជនចាប់អារម្មណ៍នឹងការបង្រៀនរបស់ព្រះសង្ឃដែលមានឥទ្ធិពលដូចជាព្រះតេជព្រះគុណ គូ សុភាព ហើយចាត់ទុកព្រះសង្ឃដូចព្រះអង្គជាជនគំរូរបស់ពួកគេ។
ដូច្នេះ ប្រទេសកម្ពុជាគួរតែប្រើប្រាស់ធនធានដែលយើងមានស្រាប់ ដើម្បីដោះស្រាយតម្រូវការសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។ វិស័យព្រះពុទ្ធសាសនា រួមជាមួយនឹងការអនុវត្តស្តង់ដារសុខភាពកាន់តែច្រើន អាចមានសក្ដានុពលក្នុងការដោះស្រាយបញ្ហាទាំងនេះ និងលើកកម្ពស់សុខុមាលភាពរបស់ជាតិយើងនាពេលអនាគត៕

Comments