អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង រីម សុខវី ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី១៩ ខែតុលា ២០២២។ សូមមើលអត្ថបទដើមនៅ ទីនេះ ហើយអានវានៅខាងក្រោម!
មាតិកាអត្ថបទ
បំផ្លាញទំនុកចិត្ត
ដំណោះស្រាយចាំបាច់
ខណៈដែលចំនួនវិនិយោគិនចិន និងពលករចំណាកស្រុក មានការកើនឡើងនៅកម្ពុជា ករណីឧក្រិដ្ឋកម្មឆ្លងដែនក៏កើនឡើងដំណាលគ្នានេះដែរ។ បទល្មើសនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនៅក្រុងកំពង់ផែនៃខេត្តព្រះសីហនុ និងគំរាមដល់សន្តិសុខនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស។
មានរបាយការណ៍ជាច្រើនបានចុះផ្សាយអំពីការចាប់ជំរិត ការឃុំឃាំង និងការធ្វើការដោយបង្ខំដោយអង្គការឧក្រិដ្ឋកម្មចិន ក្រោមរូបភាពជាក្រុមហ៊ុនឆបោក។ នៅខែមេសា ឆ្នាំ២០២២ មានជនជាតិថៃ ចំនួន៦៦នាក់ ត្រូវបានជួយសង្រ្គោះចេញពីក្រុមឆបោក។ នគរបាលថៃបានប៉ាន់ប្រមាណថា នៅមានពលករថៃ ១ ៥០០នាក់ទៀត កំពុងស្ថិតក្នុងកណ្ដាប់ដៃពួកឧក្រិដ្ឋជននៅខេត្តព្រះសីហនុ។
ឧក្រិដ្ឋកម្មនិងក្រុមឆបោកដែលបង្កនិងគ្រប់គ្រងដោយជនជាតិចិន ជាញឹកញាប់ជ្រកក្រោមរូបភាពជាក្រុមហ៊ុនឯកជនដែលធ្វើការវិនិយោគនៅកម្ពុជា។ ពួកគេបានប្រើប្រាស់ឧបាយកលដើម្បីទាក់ទាញពលករចំណាកស្រុក និងភ្ញៀវទេសចរ ដោយសន្យាថានឹងជូននូវការងារមានប្រាក់បៀវត្សខ្ពស់ ដើម្បីដកហូតឯកសារធ្វើដំណើរនៅពេលពលករមកដល់ប្រទេសកម្ពុជា។ ជនរងគ្រោះភាគច្រើន គឺជាជនជាតិចិន ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី។
លោកស្រី នីកូល វ៉ុន អ្នកនយោបាយមួយរូបរបស់ប្រទេសម៉ាឡេស៊ី មានប្រសាសន៍ថា ជនរងគ្រោះដែលត្រូវបានសង្រ្គោះមានចំនួនតិចជាងអ្នកដែលកំពុងស្ថិតក្នុងការឃុំឃាំងដោយពួកឧក្រិដ្ឋជននៅប្រទេសកម្ពុជា។
កាលពីខែមីនា ឆ្នាំ២០២២ ប៉ូលិសម៉ាឡេស៊ីបានព្រមានអំពីគ្រោះថ្នាក់នៃការឃុំខ្លួនដោយបង្ខំនៅកម្ពុជា បន្ទាប់ពីពលរដ្ឋម៉ាឡេស៊ីចំនួន១៦នាក់ត្រូវបានជួយសង្រ្គោះ។
លោកស្រីប៉ាន់ប្រមាណថា មានពលរដ្ឋម៉ាឡេស៊ីប្រហែល៣០០នាក់កំពុងត្រូវបានក្រុមឧក្រិដ្ឋជនចិនបង្ខំឱ្យធ្វើការនៅកម្ពុជា។
យ៉ាងណាក៏ដោយ មានភាពស្មុគស្មាញមួយចំនួនបានកើតឡើង ពោលគឺក៏មានកិច្ចសង្គ្រោះមួយចំនួនដំណើរការដោយរលូន។ ចំណែកឯករណីផ្សេងទៀត អ្នកដែលអង្វរសុំឱ្យគេជួយសង្គ្រោះ ឬអ្នកដែលជួយដល់ការសង្គ្រោះ នៅទីបញ្ចប់ទទួលរងការចោទប្រកាន់ពីបទឧក្រិដ្ឋ។
ស្របតាមការវាយតម្លៃរបស់ជំនាញការប៉ូលិសថៃ និងអ្នកនយោបាយម៉ាឡេស៊ី ការជួយសង្គ្រោះជនរងគ្រោះមានចំនួនតិចតួច ជាហេតុបណ្ដាលឱ្យពួកក្រុមឆបោកចិនបន្តប្រតិបត្តិការយ៉ាងទូលំទូលាយ ដោយមិនមានការត្រួតពិនិត្យ។
ដូច្នេះ បើមិនមានការដោះស្រាយទេ បញ្ហានេះមានអានុភាពដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងភ្នាក់ងារអនុវត្តច្បាប់។
បំផ្លាញទំនុកចិត្ត
ឧក្រិដ្ឋកម្មនៅក្រុងព្រះសីហនុត្រូវបានចុះផ្សាយលើទំព័រមុខនៃសារព័ត៌មាននានា។ កាលពីខែធ្នូ ឆ្នាំ២០២១ បុរសជនជាតិចិនអាយុ២១ឆ្នាំម្នាក់ ត្រូវគេបាញ់សម្លាប់នៅក្នុងអាផាតមិន (Apartment) របស់គាត់។ ពីរខែក្រោយ បុរសជនជាតិចិនម្នាក់ទៀតត្រូវគេបាញ់សម្លាប់ចំនួន៥គ្រាប់នៅទីសាធារណៈ តែនៅពេលនោះ ជនល្មើសនៅតែមិនអាចកំណត់អត្តសញ្ញាណបាននៅឡើយ។ ករណីទាំងនេះបានបង្ហាញពីភាពអសន្តិសុខយ៉ាងខ្លាំងនៅខេត្តព្រះសីហនុ។
កម្លាំងសមត្ថកិច្ចកម្ពុជាធ្លាប់មានប្រវត្តិមិនសូវខ្វល់ខ្វាយពីបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងសកម្មភាពឧក្រិដ្ឋកម្ម និងការជួញដូរមនុស្សនៅខេត្តព្រះសីហនុ ទោះបីជាមានរបាយការណ៍ជាច្រើនបានចុះផ្សាយ និងព្រមានពីបណ្តាប្រទេសអាស៊ីអាគ្នេយន៍ផ្សេងៗទៀត ទាក់ទងទៅនឹងលក្ខណៈទូលំទូលាយនៃបទល្មើសទាំងនេះក៏ដោយ។
នៅខែមេសា ឆ្នាំ២០២២ នគរបាលកម្ពុជាបានច្រានចោលនូវរបាយការណ៍អំពីការរំលោភកម្លាំងពលកម្ម និងការជួញដូរមនុស្សនៃជនជាតិថៃនៅកម្ពុជា ដោយសម្អាងទៅលើហេតុផលថា ជនរងគ្រោះភាគច្រើនគឺជាពលករខុសច្បាប់។
លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ជុំវិញការឃុំខ្លួន និងការធ្វើទារុណកម្មជនជាតិថៃ ដោយចាត់ទុកព័ត៌មានទាំងនោះថាជា«ព័ត៌មានក្លែងក្លាយ»និង«មិនមានការឃុំឃាំងដោយខុសច្បាប់»នោះទេ។
យ៉ាងណាក្ដី មានករណីថ្មីបំផុតមួយ គឺជនជាតិចិនមួយរូបត្រូវគេដឹងថាត្រូវគេចាប់ឃុំខ្លួននៅខេត្តកំពត និងគេបង្ខំឱ្យធ្វើការ និងព្រមទាំងគំរាមដោយប្រើប្រាស់ដំបងឆក់ ប្រសិនបើជនជាតិចិនរូបនោះមិនព្រមធ្វើការ។ នេះបើយោងទៅតាមការអះអាងរបស់សមត្ថកិច្ច។ ប៉ុន្តែមន្ត្រីម្នាក់បានប្រាប់ VOD ថា «នេះមិនមែនជាការឃុំឃាំងទេ ដោយសារពួកគេបានផ្តល់ប្រាក់ខែដល់គាត់» ហើយនេះ «ស្របទៅនឹងច្បាប់ការងារ»។
ប៉ូលិសម្នាក់ទៀតលើកឡើងថា «មិនមែនជាករណីឃុំឃាំងទេ» គឺគ្រាន់តែពួកគេ«មិនអនុញ្ញាត» ឱ្យជនជាតិចិនចេញក្រៅតែប៉ុណ្ណោះ។
ប៉ូលិសនិយាយថា ក្នុងករណីនេះ ប៉ូលិសមូលដ្ឋានមិនអាចធ្វើអ្វីបានច្រើននោះទេ។ ជំនួសមកវិញ បុរសជនជាតិចិននោះ ត្រូវប៉ូលិសនាំខ្លួនទៅកាន់ខេត្តព្រះសីហនុ និងបើកការស៊ើបអង្កេតពីបទចោទចែកចាយ«ព័ត៌មានមិនពិត»ពាក់ព័ន្ធទៅនឹងការឃុំខ្លួនរបស់គាត់។
ដំណោះស្រាយចាំបាច់
កម្ពុជាត្រូវតែពង្រឹងច្បាប់អន្តោប្រវេសន៍ ពង្រឹងការគោរពច្បាប់ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងកើតមាននៅក្នុងប្រទេស និងដើម្បីរារាំងលំហូរចូលនៃបទឧក្រិដ្ឋថ្មីៗទៀត។
ដំណាលគ្នានេះ កម្ពុជាក៏ត្រូវតែរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយន៍ផ្សេងទៀត ទាក់ទងទៅនឹងលំហូរពលករចំណាកស្រុក ជាពិសេសត្រូវផ្តោតការប្រឹងប្រែងលើការស៊ើបយកការណ៍ និងការចែករំលែកព័ត៌មាន។ ការធ្វើបែបនេះអាចជួយសមត្ថកិច្ចកម្ពុជាទទួលបានព័ត៌មានអំពីបណ្តាញឧក្រិដ្ឋកម្មដែលកំពុងមានសកម្មភាពនៅប្រទេសកម្ពុជាដោយប្រើអត្តសញ្ញាណខុសៗគ្នា ឈ្មោះ និងឈ្មោះហៅក្រៅរបស់ក្រុមហ៊ុន។
ការស៊ើបអង្កេតទាក់ទងទៅនឹងបញ្ហានេះ កម្ពុជាគួរតែធ្វើដោយតម្លាភាព ដើម្បីរក្សាទំនុកចិត្តនៅក្នុងសង្គមកម្ពុជា។ ការស៊ើបអង្កេតទាំងនេះគួរតែត្រូវបានចូលរួមការសហការឱ្យបាន ល្អបំផុតជាមួយតួអង្គនៅក្នុងតំបន់ ដូចជា ម៉ាឡេស៊ី ថៃ និងចិន ជាដើម។
រដ្ឋាភិបាលកម្ពុជាគួរបញ្ចូលមន្ត្រីប៉ូលិសចិនដែលមានវត្តមានស្រាប់នៅកម្ពុជា ទៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ទ្វេភាគី កម្ពុជា-ចិន ក៏ដូចជាសហការជាមួយក្រុមប៉ូលិសថៃដែលបានចុះបង្រ្កាបបទល្មើសជាមួយនឹងអង្គភាពពង្រឹងការអនុវត្តច្បាប់កម្ពុជានាពេលកន្លងមក។
នគរបាលកម្ពុជាគួរតែស្វែងរកជំនួយពីតួអង្គប៉ូលិសតំបន់ទាំងពីរ និងធ្វើការយ៉ាងជិតស្និទជាមួយពួកគេ ដោយសារពួកគេមានបទពិសោធន៍ក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្សច្រើនជាងភាគីកម្ពុជា។ រដ្ឋាភិបាលកម្ពុជាត្រូវតែមានជំហររឹងមាំចំពោះបញ្ហានេះ មិនត្រឹមតែដើម្បីរក្សាទំនុកចិត្តពីសំណាក់ប្រជាជនកម្ពុជា និងពលករបរទេសស្របច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ជារួម សកម្មភាពឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុ និងនៅកន្លែងផ្សេងទៀត បានគំរាមកំហែងសន្តិសុខរបស់ប្រទេសកម្ពុជា និងជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសនេះ។រឿងនេះគួរតែជាការព្រួយបារម្ភរបស់ប្រទេសចិន ក៏ដូចជាការព្រួយបារម្ភរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតផងដែរ។
ការកើនឡើងនៃក្រុមហ៊ុនឆបោករបស់ជនជាតិចិន និងសកម្មភាពក្រុមទំនើងនៅកម្ពុជា បណ្តាលមកពីការពង្រឹងការអនុវត្តច្បាប់នៅទន់ខ្សោយ ទាក់ទងទៅនឹងអន្តោប្រវេសន៍ដែលបើកផ្លូវឱ្យក្រុមហ៊ុនឆបោកចិនធ្វើសកម្មភាពដោយសេរី។ កម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់របស់ខ្លួន និងសហការជាមួយប្រទេសដទៃទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ប្រសិនបើបទឧក្រិដ្ឋនេះនៅតែបន្ត វានឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងការជឿទុកចិត្តលើស្ថាប័នសំខាន់ៗរបស់ រដ្ឋាភិបាល៕
Comments